ក្រុមហ៊ុន Apple Inc បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន គឺក្រុមហ៊ុន China Telecom ក្នុងគោលបំណងចង់បង្កើនការលក់ទូរសព្ទ iPhone ឲ្យបានកាន់តែច្រើននៅប្រទេសដែលមានប្រជាជនច្រើនជាងគេមួយនេះ ចាប់ពីខែក្រោយតទៅ។ កិច្ចព្រមព្រៀងថ្មីនេះ ក៏នឹងជួយពង្រឹង និងពង្រីកចំណែកទីផ្សារទូរសព្ទដៃរបស់ Apple ឲ្យកាន់តែធំថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ទីផ្សារទូរសព្ទ smartphone របស់ Apple នៅប្រទេសចិន បានធ្លាក់ចុះនៅក្នុងពីរត្រីមាសចុងក្រោយនេះ ទោះបីជាប្រទេសចិន ជាកន្លែងដែលមានចំនួនអ្នកប្រើប្រាស់ទូរសព្ទដៃកើនដល់ ១ពាន់លាននាក់ក្នុងឆ្នាំនេះក៏ដោយ។ ក្នុងត្រីមាសចុងក្រោយនាឆ្នាំ ២០១១ ពោលគឺចន្លោះខែតុលា ដល់ខែធ្នូ ចំណែកទីផ្សាររបស់ Apple នៅក្នុងប្រទេសចិន មានចំនួន ៧,៥ភាគរយ ស្ថិតនៅលេខរៀងទី៥។
លោក Jane Wang ដែលជាអ្នកវិភាគរបស់ប្រទេសចិន បានលើកឡើងថា ចំណែកទីផ្សារ iPhone របស់ Apple ក្នុងប្រទេសចិន នឹងមានការកើនឡើង ក្រោយពី Apple សហការជាមួយនឹង China Telecom។ ទោះបីជាវានឹងជួយបង្កើនការលក់ iPhone ក៏ដោយ ប៉ុន្ដែក្រុមហ៊ុនចិនមួយនេះ នឹងមិនលះបង់ចោលនូវការលក់ទូរសព្ទដែលមានតម្លៃថោកនោះទេ។








