បណ្ដឹងរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អាចចាត់ទុកបានថាជាល្ខោន តសាច់រឿងគ្មានភាគបញ្ចប់ ដោយសារតែក្រុមហ៊ុនទាំងនោះបានបន្តប្ដឹងគ្នាទៅវិញទៅមក មិនចេះចប់ចេះហើយ។ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (ITC) បានរកឃើញថាក្រុមហ៊ុន Apple Inc មិនបានបំពានលើប៉ាតង់បច្ចេកវិទ្យារបស់ HTC Corp នោះទេ។
ពាក្យបណ្ដឹងមួយនេះ គឺជាពាក្យបណ្ដឹងមួយក្នុងចំណោមពាក្យបណ្ដឹងជាច្រើនទៀត ដែលក្រុមហ៊ុនទាំងពីរបានប្ដឹងគ្នាទៅវិញទៅមក ដែលដើមហេតុកើតចេញពីការដណ្ដើមទីផ្សារគ្នា រវាង Apple និងក្រុមហ៊ុនទូរសព្ទដែលប្រើប្រាស់ Android ក្នុងនោះរួមមាន HTC មួយផងដែរ។
ក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹង Apple តាំងតែពីឆ្នាំ ២០១០ មកម្លេះ ដោយចោទប្រកាន់ថា Apple បានបំពានលើប៉ាតង់បច្ចេកវិទ្យារបស់ខ្លួន ចំនួន៥។ក្រោយពីធ្វើការស៊ើបអង្កេតលើប៉ាតង់ដែល HTC ចោទ Apple នោះ រួចមក គណៈកម្មការដោះស្រាយវិវាទពាណិជ្ជកម្ម ITC មិនបានរកឃើញថា Apple បំពានលើប៉ាតង់ដែល HTC បានចោទនោះទេ។
មានការលើកឡើងដដែលផងដែរថា Apple និង HTC បានប្រឈមមុខដាក់គ្នាខ្លាំងក្នុងសង្រ្គាមប៉ាតង់បែបនេះ គឺដោយសារតែទូរសព្ទ Android បានកើនឡើងប្រជាប្រិយភាពឥតឈប់ឈរ។
បើគិតជារួមនៅទូទាំងសាកលលោក ទូរសព្ទដែលដំណើរការដោយ Android បានយកឈ្នះ Apple ដាច់ បើគិតលើចំនួននៃការកើនឡើង។ Android បានពង្រីកខ្លួនពីតូចនាឆ្នាំ ២០០៩ មកកាន់តែធំៗទៅៗ ពោលគឺគ្រប់គ្រងចំណែកទីផ្សារ smartphone ដល់ទៅ ៥០,៩ភាគរយ ក្នុងត្រីមាសទីបួន នាឆ្នាំ ២០១១ កន្លងទៅ បើយោងតាមទិន្នន័យ Gartner Inc។








