Android 4.0 ឬ Ice Cream Sandwich (ICS) ដែលចេញកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១១ ហើយត្រូវបានប្រើក្នុងទូរសព្ទ Galaxy Nexus នៅពីរខែក្រោយមក ពោលគឺកាលពីថ្ងៃទី ១៥ ខែធ្នូ ២០១១ កន្លងមកនោះ ត្រូវបានគេរាយការណ៍ថា មានទូរសព្ទ Android តែ ១ភាគរយប៉ុណ្ណោះដែលដំណើរការដោយ ICS ។ ទោះជាយ៉ាងណាក្ដី មានរបាយការណ៍ជាច្រើន បានចុះផ្សាយថា នឹងមានទូរសព្ទ Android ជាច្រើនទៀត នឹងធ្វើបច្ចុប្បន្នភាពទៅជា ICS ក្នុងពេលឆាប់ៗ ប៉ុន្ដែធាតុពិតលោកអ្នកប្រហែលត្រូវនៅរង់ចាំក្នុងរយៈពេលយូរបន្ថែមទៀត។
១- Motorola
Tablet Xoom របស់ Motorola បានប្រើប្រាស់ Android 4.0 ហើយ ប៉ុន្ដែទូរសព្ទដទៃទៀតរបស់ក្រុមហ៊ុននេះ នៅមិនទាន់ស្គាល់ជាតិ Android 4.0 នេះនៅឡើយទេ។ Motorola Atrix 2, Atrix 4G, Photon 4G និង tablet Motorola Xyboard នឹងប្រើ ICS នៅដើមត្រីមាសទីបីនៃឆ្នាំ ២០១២នេះ ពោលគឺក្នុងខែកក្កដា។
ម៉ូឌែលល្បីៗជាច្រើនទៀត របស់ Motorola ដែលមានដូចជា Droid RAZR, Droid RAZR Maxx, Droid Bionic, Droid 3 និង Droid X2 នឹងត្រូវរង់ចាំយូរជាងនេះទៀត ប៉ុន្ដែមិនទាន់កំណត់ពេលច្បាស់នោះទេ។
ទោះជាយ៉ាងណាក្ដី ចូរកុំទាន់ជឿទាំងស្រុងនូវអ្វីដែល Motorola លើកឡើងនេះ ព្រោះកាលពីចុងឆ្នាំ ២០១១ កន្លងទៅ ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ធ្លាប់អះអាងថា Droid RAZR ដែលជាទូរសព្ទនាំមុខប្រចាំក្រុមហ៊ុននោះ នឹងប្រើ ICS នៅដើមឆ្នាំ ២០១២ ប៉ុន្ដែទីបំផុតក្រុមហ៊ុនមិនអាចធ្វើបាននោះទេ។
២- HTC
HTC បានសរសេរក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ICS នឹងមានលើទូរសព្ទ HTC Sensation (HTC Sensation 4G និង HTC Sensation XE) នៅខែមីនា ខាងមុខនេះ ខណៈដែល HTC Sensation XL នឹងមាននៅពេលបន្ទាប់ពីនោះ។
ទូរសព្ទផ្សេងទៀត ដែល HTC លើកឡើងដែរនោះ រួមមាន HTC Rezound, HTC Vivid, HTC Amaze 4G, HTC EVO 3D, HTC EVO Design 4G, HTC Incredible S, HTC Desire S និង HTC Desire HD ក៏នឹងប្រើ ICS ផងដែរ នៅឆ្នាំ ២០១២នេះ ប៉ុន្ដែមិនទាន់កំណត់ពេលច្បាស់លាស់។
គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ ២០១១ កន្លងទៅ HTC ធ្លាប់បានប្រកាសថា ទូរសព្ទ HTC EVO 3D, HTC EVO Design 4G និង HTC Amaze 4G នឹងអាចប្រើ ICS បាននាដើមឆ្នាំ ២០១២ ប៉ុន្ដែក្រុមហ៊ុនបានខកខាន មិនអាចធ្វើបានតាមអ្វីដែលខ្លួននិយាយ។
ចំណែកឯ Samsung និង Asus ដែលប្រើប្រាស់ Android ដែរនោះ មិនទាន់មានការប្រកាសផ្លូវការដូចក្រុមហ៊ុនទាំងពីរខាងលើនេះទេ។







