ក្រុមអ្នកវិភាគមកពី Gartner research firm បានឲ្យដឹងកាលពីថ្ងៃពុធម្សិលម៉ិញនេះថា ក្រុមហ៊ុន Apple ដែលក្លាយជាក្រុមហ៊ុនលក់ smartphone ធំជាងគេបំផុតក្នុងលោកកាលពីត្រីមាសទីបួននាឆ្នាំ ២០១១កន្លងទៅ នឹងនៅតែបន្តកើនឡើងនូវចំណែកទីផ្សារ iPhone របស់ខ្លួន នៅដើមឆ្នាំ ២០១២នេះ ដោយសារមានការលក់ iPhone 4S កាន់តែទូលំទូលាយនៅទូទាំងពិភពលោក។
នៅក្នុងត្រីមាសចុងក្រោយនេះ Apple បានកើនឡើងការលក់ iPhone ដល់ទៅជាងពីរដង ដែលធ្វើឲ្យមានចំណែកទីផ្សារ smartphone ២៤ភាគរយ។ Gartner បានបញ្ជាក់ថា Apple នឹងនៅតែបន្តភាពខ្លាំង នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០១២នេះ ប៉ុន្ដែអាចនឹងកើនតិចជាងត្រីមាសមុន។
ផ្ទុយពី Apple ដែលកើនឡើង ក្រុមហ៊ុន Nokia ដែលធ្លាប់ជាអ្នកនាំមុខគេនោះ បានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺធ្លាក់ចុះពី ៣០ភាគរយនៃចំណែកទីផ្សារ smartphone មកត្រឹម ១២ភាគរយប៉ុណ្ណោះ ដែលនេះគឺត្រឹមរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។Gartner បានបញ្ជាក់ថែមទៀតថា ទីផ្សារទូរសព្ទដៃទូទៅ នឹងកើនឡើងយឺតនៅក្នុងឆ្នាំនេះ ដោយសារតែសេដ្ឋកិច្ចទន់ខ្សោយ ធ្វើឲ្យតម្រូវការថយចុះ។ កាលពីឆ្នាំមុន ទីផ្សារទូរសព្ទដៃបានកើនឡើង ១១ភាគរយ ប៉ុន្ដែឆ្នាំនេះ នឹងកើនឡើងតែ ៧ភាគរយនោះទេ។ ដូចគ្នានេះដែរ ចំណែកទីផ្សារ smartphone ក៏នឹងកើនឡើងតិចជាងមុខផងដែរ ពោលគឺកើនឡើងតែ ៣៩ភាគរយនោះទេ ខណៈដែលឆ្នាំមុនកើន ៥៨ភាគរយ។








