iPhone 4S ចេញទើបតែបាន៤ខែសោះ ពាក្យចចាមអារាមនានា ទាក់ទងនឹងការចេញ iPhone 5 បានលេចឡើងទៀតហើយ។ តើ Apple នឹងចេញ iPhone 5 នៅរយៈពេលត្រឹមតែ ៨ខែក្រោយចេញ iPhone 4S មែនឬក៏យ៉ាងណា?
បើយោងតាមក្រុមអ្នកវិភាគនៅក្រុមហ៊ុន Daiwa Securites បានឲ្យដឹងថា iPhone ជំនាន់ថ្មី (iPhone 5) នឹងចេញនៅខែមិថុនាខាងខុសក្នុងព្រឹត្តិការណ៍ Worldwide Developer's Conference ដែលគិតទៅមានរយៈពេល តែ៨ខែប៉ុណ្ណោះក្រោយចេញ iPhone 4S កាលពីខែតុលាកន្លងទៅ។
អ្នកដែលតាមដានព័ត៌មានបច្ចេកវិទ្យា ប្រាកដជាដឹងច្បាស់ណាស់ថា ប្រពៃណីរបស់ Apple គឺតែងតែចេញ iPhone ថ្មីនៅខែមិថុនា ដែលទើបតែឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលចេញ iPhone ថ្មីក្នុងខែតុលា (iPhone 4S) ខណៈដែល iPhone បួនប្រភេទមុននេះ សុទ្ធតែបង្ហាញខ្លួនក្នុងខែមិថុនា។ក្រុមអ្នកជំនាញដដែលបានអះអាងថា iPhone 5 នឹងមានរាងស្ដើងជាង ស្រាលជាង ធំជាង និងមានលក្ខណៈពិសេសច្រើនទៀត។
ទោះបីជាយ៉ាងណាក្ដី មិនមានអ្នកណាម្នាក់បានលឺ ឬបានដឹងច្រើនទាក់ទងនឹងការឆ្នៃម៉ូដ iPhone 5 នោះដែរ ដោយគ្រាន់តែដឹងថា រយៈពេលចេញ គឺប្រហែលជាមិនលើសពី៤ខែទៀតនោះទេ គិតចាប់ពីពេលនេះទៅ។
ទន្ទឹមនឹងពាក្យចចាមអារាមទាក់ទងនឹង iPhone 4 នេះ ក៏មានការលេចលឺពី iPad 3 ផងដែរ។ អ្នកវិភាគភាគច្រើន រួមទាំងអ្នកឃ្លាំមើល Apple បានរំពឹងថា Apple នឹងចេញ iPad 3 នៅខែមីនា ខាងមុខនេះ។ គួររំលឹកផងដែរថា iPad 2 ក៏បានចេញនៅក្នុងខែមីនាផងដែរ ដោយសារតែបែបនេះហើយទើបមានលេចលឺដំណឹងពីការចេញ iPad 3 នាពេលនេះ។ ពាក្យចចាមអារាមនេះ បានលេចធ្លាយចេញពី Apple blog ជាភាសាជប៉ុន Macotakara។








