នេះមិនមែនជាពាក្យចចាមអារាមទៀតនោះទេ ប៉ុន្ដែជាសេចក្ដីប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Samsung អំពីព័ត៌មានទាក់ទងនឹង Galaxy S3 ដែលអ្នកចូលចិត្តទូរសព្ទ Android ភាគច្រើនកំពុងទន្ទឹងរង់ចាំ។
ទូរសព្ទថ្មីនេះ នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិសេសណាមួយនៅឆ្នាំនេះ ហើយបើតាមការបញ្ជាក់ពី Samsung គឺវានឹងត្រូវចេញលក់ឆាប់ៗបន្ទាប់ពីព្រឹត្តិការណ៍នោះចប់។
នេះគឺជាយុទ្ធសាស្រ្ដថ្មីមួយទៀតរបស់ Samsung ក្នុងការប្រជែងជាមួយនឹង Apple។ ប្រសិន Apple បញ្ចេញនូវ iPhone 5 នារដូវក្ដៅខាងមុខដូចការរំពឹងទុកកន្លងមកនោះ, Galaxy S3 នឹងក្លាយជាគូប្រកួតទម្ងន់ធ្ងន់ជាមួយនឹង Apple ក្នុងពាក់កណ្ដាលចុងក្រោយនៃឆ្នាំ ២០១២ ជាមិនខាន។
ទូរសព្ទដែលស្នងដំណែង Galaxy S2 នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយនៃគ្រឿងផ្សំដែលផលិតដោយរោងចក្រ Samsung ដោយផ្ទាល់ ហើយវានឹងល្អជាងធាតុផ្សំក្នុងទូរសព្ទ iPhone។ដូចដែលលោកអ្នកបានដឹងហើយថា Galaxy S2 គឺជាទូរសព្ទមួយដែលជោកជ័យយ៉ាងខ្លាំង ពោលគឺអាចលក់បានដល់ទៅ ២០លានគ្រឿង។ ទិន្នន័យបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់នៃប្រជាជនកូរ៉េខាងត្បូង បានប្រើប្រាស់ទូរសព្ទនេះ។ ដោយសារតែបែបនេះហើយ ទើប Samsung អាចយកឈ្នះ Apple នៅត្រីមាសទីបីនៃឆ្នាំ២០១១ ។
ទោះបីជាយ៉ាងណាក្ដី Apple បានដណ្ដើមយកដំណែងនាំមុខគេផ្នែក smartphone វិញហើយនៅត្រីមាសទីបួននៃឆ្នាំ ២០១១ ដោយសារការចេញលក់ iPhone 4S។ តាមរយៈផែនការនៃការចេញលក់ Galaxy S3 ក្នុងពេលខាងមុខនេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរ គឺ Apple និង Samsung កាន់តែប្រកួតប្រជែងក្ដៅគគុកបន្ថែមទៀត។







