ទោះបីជាមានការអះអាងពីជ័យជំនះរបស់ក្រុមហ៊ុន Proview Technology យ៉ាងណាក៏ដោយ ក៏ Apple នៅតែអះអាងថា ជម្លោះនេះនៅមិនទាន់ចប់នៅឡើយទេ។
រឿងហេតុនៃជម្លោះពាណិជ្ជសញ្ញា iPad រវាង Apple និងក្រុមហ៊ុនចិន Proview Technology បានកាន់តែក្ដៅគគុក កាលពីថ្ងៃច័ន្ទម្សិលម៉ិញ បន្ទាប់ពីក្រុមហ៊ុនចិនមួយនេះ បានប្រកាសពីជ័យជំនះរបស់ខ្លួនថា តុលាការបានបញ្ជាឲ្យឈប់លក់ iPad នៅប្រទេសចិន។
លោក Xie Xianghui ដែលជាមេធាវីនៃក្រុមហ៊ុន Proview Technology នៅខេត្ត Shenzhen បាននិយាយថា តុលាការនៅទីក្រុង Huizhou បានចេញសាលក្រមបញ្ឈប់ការលក់ iPad នៅទូទាំងប្រទេសចិន។
ការសម្រេចនេះ ក៏ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយតាមបណ្ដាញផ្សព្វផ្សាយនានារបស់ចិន ប៉ុន្ដែ Apple ហាក់មិនសូវខ្វល់ប៉ុន្មានទេ។
ឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់តុលាការនេះ ក្រុមហ៊ុន Apple Inc បានសរសេរក្នុងសេចក្ដីថ្លែងការរបស់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះថា ករណីពាក្យបណ្ដឹងនេះ គឺនៅមិនទាន់ចប់នៅឡើយទេក្នុងប្រទេសចិន។ ក្រុមហ៊ុនបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ទៅកាន់តុលាការជាន់ខ្ពស់នៅខេត្ត Guangdong ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងដែលកាត់ឲ្យ Proview ឈ្នះ។
Carolyn Wu ដែលជាអ្នកនាំពាក្យរបស់ Apple បានបញ្ជាក់បន្ថែមថា ខ្លួនបានទិញសិទ្ធិប្រើឈ្មោះពាណិជ្ជសញ្ញា iPad នេះពីក្រុមហ៊ុន Proview នៅ១០ប្រទេសផ្សេងគ្នា តាំងតែពីរបីឆ្នាំមុនមកម្លេះ ប៉ុន្ដែ Proview បែរជាបដិសេធចោលនូវកិច្ចព្រមព្រៀងដែលធ្វើជាមួយ Apple ក្នុងប្រទេសចិន និងហុងកុងទៅវិញ។








