ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា កុំព្យូទ័រ Apple បង្កើត tablet ថ្មី​ទំហំ​ ៨អ៊ីញ?

Apple បង្កើត tablet ថ្មី​ទំហំ​ ៨អ៊ីញ?

យោង​តាម​សារព័ត៌មាន Xinhua របស់​ចិន បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Apple កំពុង​តែ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​ប្រទេស​អាស៊ី ដើម្បី​សាក​ល្បង​នូវ​កុំព្យូទ័រ tablet ថ្មី​ ដែល​មាន​ទំហំ​អេក្រង់​តូច​ជាង iPad ពោល​គឺ​ត្រឹម ៨អ៊ីញ​ប៉ុណ្ណោះ​។

Wall Street Journal ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មន្រ្ដី​មួយ​ចំនួន​នៅ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ដល់ Apple ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​តែ​ដាក់​បង្ហាញ​នូវ​ការ​ឆ្នៃ​ម៉ូដ​ សម្រាប់ tablet ថ្មី​ ទំហំ​អេក្រង់ ៨អ៊ីញ​នេះ​។

ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់ iPad ប្រាកដ​ជា​ដឹង​ហើយ​ថា​មាន​ទំហំ​អេក្រង់​ ៩,៧អ៊ីញ ដូច្នេះ​ការ​ចេញ​តូច​ជាង​មុន អាច​ជា​យុទ្ធសាស្រ្ដ​ថ្មី​មួយ​របស់ Apple ក្នុង​ការ​ប្រជែង​ជាមួយ tablet តូច​ៗ​របស់ Samsung និង​ក្រុមហ៊ុន​ដទៃ​ទៀត​ ដូច​ជា Amazon ជាដើម ដើម្បី​បន្ថែម​ភាព​នាំ​មុខ​ ឬ​ថែរក្សា​ដំណែង​លេខ​មួយ​របស់​ខ្លួន​ក្នុង​ទីផ្សារ tablet។

បើ​មើល​លើ​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សា IDC បាន​បង្ហាញ​ថា Apple មានចំណែក​​ដល់ទៅ ៦១,៥ភាគ​រយ ក្នុង​ទីផ្សារ tablet សាកលលោក​ ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០១១។ មិន​ទាន់​មាន​ការ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ទិន្នន័យថ្មី​នោះ​ទេ ប៉ុន្ដែ​បើ​ធៀប​ជាមួយ​នឹង​ត្រីមាស​ទី​ពីរ គឺ​ចំណែក​ទីផ្សារ​របស់ Apple បាន​ថយ​ចុះ​ ពោលគឺ​ថយ​ពី ៦៨,៣ភាគ​រយ មក​ ៦១,៥ភាគ​រយ​។

ព័ត៌មាន​នៃ​ការ​ធ្វើ​តេសន៍​ tablet ទំហំ​តូច​ជា​ង​មុន​នេះ គឺ​បានលេច​ឡើង​ នៅ​ពេល​ដែល​មាន​ពាក្យ​ចចាម​អារាម​ជា​ច្រើន​ និយាយ​ពី​ការ​ចេញ iPad ថ្មីនៅ​ខែ​មីនា​ខាង​មុខ ដោយ​ iPad ថ្មី​នោះ នឹង​មាន​ទំហំ​អេក្រង់​ប្រហាក់​ប្រហែល​នឹង​ iPad 2 ដែរ​។

Apple បង្កើត tablet ថ្មី​ទំហំ​ ៨អ៊ីញ?