ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម បច្ចេកវិទ្យា កុំព្យូទ័រ Galaxy Tab 10.1 ត្រូវ​ហាម​ឃាត់​នៅ​អាល្លឺម៉ង់!

Galaxy Tab 10.1 ត្រូវ​ហាម​ឃាត់​នៅ​អាល្លឺម៉ង់!

សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រុមហ៊ុន Samsung Electronics បាន​ចាញ់​ក្ដីក្រុមហ៊ុន Apple ដែល​ធ្វើ​ឲ្យ​ខក​ខាន​មិន​អាច​លក់​នូវ Galaxy Tab 10.1 របស់ខ្លួននៅ​ប្រទេស​អាល្លឺម៉ង់​។ នេះ​គឺ​ជា​ជ័យ​ជំនះ​ថ្មី​មួយ​ទៀត​របស់​ Apple ហើយ​ក៏​ជា​ផ្នែកមួយ​នៃ​ការ​ព្យាយាម​ថែរក្សា​ការ​នាំ​មុខ​របស់ខ្លួន​ក្នុង​ទីផ្សារ Tablet ពិភព​លោក​ផង​ដែរ​។

តុលាការ​ជាន់​ខ្ពស់​ប្រចាំ​តំបន់​នៅ Duesseldorf ប្រទេស​អាល្លឺម៉ង់​ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ​ថា Samsung ប្រហែល​ជា​មិនអាច​លក់ Galaxy Tab បាន​នោះ​ទេ នៅ​ក្នុង​ប្រទេស​ដ៏​ធំនៅ​អឺរ៉ុប​មួយ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Apple ដែល​កំពុង​នាំ​មុខ​គេ​ទាំង​ផ្នែក smartphone និង tablet បាន​នឹង​កំពុង​តែ​ប្រយុទ្ធ​ជាមួយ​នឹង​ដៃ​គូ​ប្រកួត​ប្រជែង​តាម​រយៈតុលាការនៅ​ទូទាំង​ពិ​ភព​លោក​ ជុំវិញ​រឿង​កម្មសិទ្ធិបញ្ញា​។ នៅ​ក្នុង​សមរភូមិ​ជាមួយ​នឹង Samsung ដែល​មាន tablet ប្រើ​ Android របស់ Google គឺ​ជា​ឆាក​ប្រយុទ្ធ​ល្វីង​ជូរ​ចត់​ជាង​គេ​ ជា​ពិសេស​គឺ​ជាមួយផលិត​ផល​ត្រកូល Galaxy របស់ Samsung ដែល​កំពុង​ពេញ​និយម​។

ដូច​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​កន្លង​រួច​មកហើយថា Apple បាន​ចោទ​ប្រកាន់​ថា ទូរសព្ទ និង Tablet ដែល​មាន​ឈ្មោះ Galaxy របស់ Samsung បាន​​ចម្លង​​តាម​ iPhone និង iPad ហើយ​បាន​ប្ដឹង​ Samsung នៅ​អាមេរិក អូស្រ្ដាលី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ក្នុង​តំបន់​អឺរ៉ុប​ដូច​ពេល​នេះ​ជា​ដើម។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ Apple បាន​ឈ្នះ​ជា​បណ្ដោះ​អាសន្ន​ក្នុង​ការ​ហាម​មិន​ឲ្យ Samsung ​អាល្លឺម៉ង់ លក់ Galaxy 10.1 នៅ​ប្រទេស​ភាគ​ច្រើន​ក្នុង​​តំបន់​អឺរ៉ុប ដោយ​សារ​តែ​តុលាការ​រក​ឃើញថា tablet នេះ​ មានការ​​ផលិត​ឡើង​ស្រដៀង​គ្នា​នឹង iPad ពេក​។

បន្ទាប់​ពី​នោះ​មក ប្រទេស​មួយ​ចំនួន​ទៀត ដូចជា​ហុល្លង់ សហរដ្ឋ​អាមេរិក និង​អូស្រ្ដាលី ក៏​បាន​សម្រេច​ចិត្ត​ហាម​ឃាត់​ Galaxy Tab នេះ​ដូច​គ្នា​។ 

ចំពោះ​រឿង​ក្ដី​ចុង​ក្រោយ​នេះ នឹង​ធ្វើ​ការ​សម្រេច​ជា​ចុង​ក្រោយ (បិទ​ផ្លូវ​តវ៉ា) នៅ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។ លទ្ធផល​យ៉ាង​ណា សូម​កុំ​ភ្លេច​តាម​ដាន​ខ្មែរ​សារិកា​!

Galaxy Tab 10.1 ត្រូវ​ហាម​ឃាត់​នៅ​អាល្លឺម៉ង់!