ក្រុម hacker ក្នុងកុំព្យូទ័រ ដែលដាក់ឈ្មោះខ្លួនឯងថា Yama Tough បានគម្រាមថានឹងបញ្ចេញនូវប្រភពកូដពេញលេញ (full source code) សម្រាប់កម្មវិធីកំចាត់មេរោគ Norton AntiVirus របស់ក្រុមហ៊ុន Symantic Corp។
ការគម្រាមដែលធ្វើឡើងកាលពីថ្ងៃម្សិលម៉ិញនេះ បានបញ្ជាក់ថា ថ្ងៃអង្គារស្អែកនេះ គឺជាថ្ងៃដែល Norton AntiVirus ជួបបញ្ហា នេះតាមការសរសេរក្នុង Twitter របស់ពួក hacker ទាំងនោះ។
កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ពួកhacker Yama Tough នេះ បានបញ្ចេញនូវ source code ខ្លះរបស់ផលិតផលនៃក្រុមហ៊ុន Symantec។ ពួកវាបាននិយាយថា ទិន្នន័យទាំងអស់នេះ គឺពួកវាលួចបានពីក្នុង server រដ្ឋាភិបាលនៃប្រទេសឥណ្ឌា។ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន Symantec Corp ហាក់ដូចជាមិនព្រឺសម្បុរចំពោះការគម្រាមនេះទេ។ យោងតាម Fox News បានឲ្យដឹងថា Symantec បានពិព័ណនាការលួចយក source code នេះជារឿងចាស់គម្រឹល ដែលកើតឡើងច្រើនឆ្នាំមកហើ មិនមែនជារឿងថ្មីអីនោះទេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន គឺលោក Cris Paden បានប្រាប់សារព័ត៌មានថា Symantec មិនមានព័ត៌មានណាមួយផ្សេងទៀតនោះទេ ហើយជាពិសេសគឺគ្មានអ្វីដូចដែលពួក hacker បង្កើតឡើងនោះទេ។
មិនត្រឹមតែជួបប្រទះនូវពួក hacker ប៉ុណ្ណោះទេ ក្រុមហ៊ុន Symantec ក៏ត្រូវបានគេប្ដឹងផងដែរកាលពីសប្ដាហ៍មុននេះ នៅសហរដ្ឋអាមេរិក ដោយត្រូវបានគេចោទប្រកាន់ថាបានជម្រុញឲ្យអតិថិជនទិញផលិតផលរបស់ខ្លួនដោយមិនត្រឹមត្រូវ។ ពាក្យបណ្ដឹងនោះ បានសរសេរថា Symantec បានប្រាប់ព័ត៌មានមិនពិតទាក់ទងនឹងកុំព្យូទ័ររបស់អតិថិជន ដើម្បីបញ្ចុះបញ្ចូលឲ្យអតិថិជនទាំងនោះ ទិញ software របស់ខ្លួន។








