នៅសប្ដាហ៍ក្រោយនេះ ពោលគឺថ្ងៃទី ១៩ ខែមករា ក្រុមហ៊ុន Apple បានរៀបចំកម្មវិធីដ៏ធំមួយសម្រាប់អ្នកដែលត្រូវបានអញ្ជើញដោយ Apple។
នៅក្នុងលិខិតអញ្ជើញនោះ គឺឃើញមានផ្លាកសញ្ញាផ្លែប៉ោមរបស់ក្រុមហ៊ុន Apple អមទៅដោយអគារខ្ពស់ៗក្នុងទីក្រុង ដែលភ្ជាប់ទៅដោយសំណេរមួយឃ្លាថា "Join us for an education announcement in the Big Apple,"។
យោងតាម AllThingsD បានឲ្យដឹងថា ព្រឹត្តការណ៍នេះ នឹងរៀបចំធ្វើឡើងនៅសារមន្ទីរ Guggenheim។ វែបសាយបច្ចេកវិទ្យាដដែលនេះ បានចង្អុលបង្ហាញថា Apple នឹងបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនផងដែរក្នុងព្រឹត្តការណ៍នោះ ដែលអាចទាក់ទងនឹងការអប់រំ និយាយឲ្យចំ គឺ Apple ទំនងជាចេញ iBooks។
គេហទំព័រ TechCrunch ក៏ធ្លាប់បានសរសេរកាលពីដើមខែស្រដៀងគ្នានេះដែរថា Apple នឹងងាកមកផ្ដោតលើ eBooks វិញម្ដង។
ពាក្យចចាមអារាមជាច្រើនផ្សេងទៀត បានផ្ដោតក្ដីសង្ឃឹមលើការចេញ iPad ថ្មី ឬការចេញទូរទស្សន៍ Apple ប៉ុន្ដែពាក្យចចាមអារាមទាំងពីរនេះ ហាក់ស្ងប់ទៅវិញហើយ។
ខាងក្រោមនេះ គឺជាលិខិតអញ្ជើញរបស់ Apple សម្រាប់ព្រឹត្តការណ៍ថ្ងៃ ១៩ មករា។









