នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃពុធថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីក្នុងតំណែងទីមួយ ដែលបានប្រកាសគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា។
ការប្រកាសបែបនេះ ត្រូវបានសាធារណៈមតិខ្លះលើកឡើងថា នេះគ្រាន់តែជាយុទ្ធសាស្រ្ដថ្មីដើម្បីទទួលសម្លេងឆ្នោតពីក្រុមខ្ទើយ ដែលមានច្រើនគួរសមនៅអាមេរិកតែប៉ុណ្ណោះ។ ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
នៅក្នុងបទសម្ភាសន៍ជាមួយនឹងលោក Robin Roberts របស់ ABC លោកអូបាម៉ា បានបញ្ចប់មន្ទិលសង្ស័យលើបញ្ហាដ៏រ៉ាំរ៉ៃជាយូរមកហើយនេះ ដោយពោលពាក្យថា គាត់តែងតែគិតជានិច្ចពីរឿងនេះ ហើយក្រុមស្រលាញ់ភេទដូចគ្នា ដែលមានបុរសស្រលាញ់បុរស (gay) និងស្រ្ដីស្រលាញ់ស្រ្ដី (lesbian) គួរតែទទួលបាននូវសិទ្ធិស្មើភាពគ្នាដូចអ្នកដទៃដែរ។
ការប្រកាសក្នុងនាមជាប្រធានាធិបតីនេះ អាចជាជ័យជំនះមួយដ៏ធំធេងសម្រាប់សហគមន៍ស្រលាញ់ភេទដូចគ្នា ខណៈដែលក្រុមនេះ ធ្លាប់បានជម្រុញឲ្យមានការគាំទ្រអាពាហ៍ពិពាហ៍មួយដ៏ស្មើភាពជាច្រើនឆ្នាំមកហើយនោះ។ យ៉ាងណាមិញ ការប្រកាសរបស់លោកអូបាម៉ានេះ ក៏ជាការនាំយកព័ត៌មាននេះចូលក្នុងបណ្ដាញសារព័ត៌មាននានា ដែលស្មើនឹងការគាស់រំលើងភាពតានតឹងផងដែរ។
គួររំលឹកដែរថា កាលពីថ្ងៃអង្គារ រដ្ឋ North Carolina បានធ្វើវិសោធនកម្មច្បាប់ ដោយផ្ដល់និយមន័យអាពាហ៍ពិពាហ៍ ថាជាការចងសម្ព័ន្ធរវាងបុរស និងស្រ្ដី ដែលមានន័យថា ភេទដូចគ្នាគឺខុសច្បាប់។ ទោះបីជាលោកអូបាម៉ា បានសម្ដែងការមិនពេញចិត្តនឹងច្បាប់នេះក្ដី ប៉ុន្ដែពិតជាពិបាកណាស់ ក្នុងការដែលលោកប្រឆាំងនឹងរឿងនេះ ព្រោះអាពាហ៍ពិពាហ៍ភេទដូចគ្នាជារឿងក្រៅច្បាប់។
ងាកមកចាប់អារម្មណ៍ពីច្បាប់នៅប្រទេសកម្ពុជាយើងវិញ គឺច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារឆ្នាំ ១៩៨៩ បានចែងយ៉ាងច្បាស់ក្នុងមាត្រាទី៣ ថា អាពាហ៍ពិពាហ៍ គឺជា កិច្ចសន្យា ដ៏ឱឡារិកមួយធ្វើឡើងដោយបុរសម្នាក់និងស្ត្រីម្នាក់។ ក្នុងន័យនេះ យើងអាចដឹងយ៉ាងច្បាស់ថា ភេទដូចគ្នា មិនអាចរៀបការបាននោះទេ ជាក់ស្ដែងក្នុងមាត្រាទី ៦ ដែលនិយាយពីចំណុចទាំង៤ ដែលមិនអាចរៀបអាពាហ៍ពិពាហ៍បាន ក៏មានចំណុចមួយបញ្ជាក់ថា បុគ្គលមានភេទដូចគ្នា នោះដែរ។