មនុស្សភាគច្រើនប្រហែលជាជ្រើសយកទឹកដោះគោឆៅ នៅពេលត្រូវបានគេសួរសំនួរបែបនេះ ប៉ុន្ដែធាតុពិត ទឹកដោះគោឆៅ មិនប្រាកដថាល្អដូចអ្នកគិតនោះទេ។ យោងតាមការសិក្សាថ្មីបំផុតមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង របស់អាមេរិក បានបង្ហាញថា ទឹកដោះគោឆៅ បានរួមចំណែកបង្កជាជំងឺផ្សេងៗ ច្រើនជាងទឹកដោះគោកែឆ្នៃ ដល់ទៅ ១៥០ដង។
លទ្ធផលនៃការស្រាវជ្រាវដែលបានបោះពុម្ភផ្សាយកាលពីថ្ងៃអង្គារម្សិលម៉ិញ ក្នុងព្រឹត្តបត្រ Emerging Infectious Diseases របស់អាមេរិកនេះ បានចេញជារូបរាងឡើង ក្រោយពីមានការត្រួតពិនិត្យលើជំងឺឆ្លងនានា ដែលកើតមានឡើងចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៦ នៅទូទាំងអាមេរិក។
កំឡុងពេលនៃការសិក្សាស្រាវជ្រាវនេះ បានបង្ហាញថា ទឹកដោះគោ បានបង្កជាការរីករាលដាលជំងឺ ១២១ប្រភេទ បណ្ដាលឲ្យមនុស្សឈឺ ៤៤១៣នាក់, ចូលពេទ្យ ២៣៩នាក់ និងស្លាប់បីនាក់។
ក្នុងចំណោមករណីខាងលើនេះ ទឹកដោះគោឆៅ បានរួមចំណែក ៦០ភាគរយក្នុងការបង្កជំងឺផ្សេងៗ និង ៨៤ភាគរយក្នុងករណីអ្នកឈឺធ្ងន់រហូតចូលពេទ្យ។
ការសិក្សានេះ ក៏បានបង្ហាញដែរថា រដ្ឋដែលអនុញ្ញាតិឲ្យលក់ទឹកដោះគោឆៅ មានអត្រាឆ្លងជំងឺលើសរដ្ឋដែលហាមឃាត់ទឹកដោះគោឆៅ ដល់ទៅពីរដងឯណោះ ដែលនេះកាន់តែបង្ហាញឲ្យឃើញច្បាស់ថា ទឹកដោះគោឆៅ មិនល្អប៉ុន្មាននោះទេ។
លោក Barbara Mahon ដែលជាសហដឹកនាំការស្រាវជ្រាវនេះ បានបញ្ជាក់ថា មនុស្សភាគច្រើនបានគិតថា ទឹកដោះគោឆៅគឺមានប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្ដែតាមអ្វីដែលស្ដែងចេញពីការស្រាវជ្រាវ គឺទឹកដោះគោឆៅគឺជាហានីភ័យទៅវិញទេ ជាពិសេសសម្រាប់កុមារ។








