ខ្សែភាពយន្តថ្មីស្រឡាងដែលមានចំណងជើងថា Puss in Boots បានឈរនៅទីតាំងកំពូលគេក្នុងតារាងចំណាត់ថ្នាក់ខ្សែភាពយន្តប្រចាំសប្ដាហ៍ ដោយបានរកប្រាក់ចំណូលពីការលក់សំបុត្របានដល់ទៅ ៥១លានដុល្លារ ដែលទំនងជាអាចបំបែកកំណត់ត្រាក្នុងសប្ដាហ៍នៃបុណ្យ Halloween នេះផងដែរ។
គ្រាន់តែនៅរោងភាពយន្តអាមេរិក និងកាណដា រឿង Puss in Boots អាចរកបានដល់ទៅ ៣៤លានដុល្លារបាត់ទៅហើយ ដែលនេះគឺលើសកំណត់ត្រារឿងប្រចាំសប្ដាហ៍បុណ្យ Halloween របស់រឿងរន្ធត់ Saw 3 ដែលធ្លាប់រកបាន ៣៣,៦លានដុល្លារ។
ក្រុមហ៊ុន DreamWorks Animation ដែលបានចំណាយប្រាក់ ១៣០លានដុល្លារដើម្បីផលិតរឿង Puss in Boots នេះ បានបញ្ជាក់ឲ្យដឹងថា ការរកបានប្រាក់ចំណូលនាសប្ដាហ៍ដំបូងនេះ គឺដូចដែលអ្វីដែលបានរំពឹងទុក។
ទន្ទឹមនឹងគ្នានេះដែរ ដោយបានដឹងថា ដោយដឹងថាសប្ដាហ៍នេះគ្រួសារភាគច្រើននៅអាមេរិក កំពុងរវល់ក្នុងពិធីបុណ្យ Halloween ដូច្នេះរឿងនេះក៏នឹងកាន់តែរកបានច្រើនជាងនេះទៀតនៅសប្ដាហ៍ក្រោយ។
បូករួមទាំងទឹកប្រាក់ ៣៤លានដុល្លារដែលរកបាននៅអាមេរិក និងកាណាដា រឿង Puss in Boots អាចរកបាន ១៧លានដុល្លារផ្សេងទៀតនៅក្រៅប្រទេសទាំងពីរនេះ ដែលធ្វើឲ្យចំណូលសរុប ៥១លានដុល្លារ។
ចំណែកឯខ្សែភាពយន្តដែលទទួលបានលេខមួយកាលពីសប្ដាហ៍មុន គឺរឿង Paranormal Activity 3 បានធ្លាក់មកលេខពីរ ដោយអាចរកបានតែ ១៨,៥លានដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ប្រាក់ចំណូលសរុបរបស់រឿងចាប់តាំងពីថ្ងៃដាក់បញ្ចាំងរហូតមក បានកើនដល់ ១៣៦លានដុល្លារហើយ។
ក្រៅពីចំណាត់ថ្នាក់កំពូលទាំងពីរនេះ ខ្សែភាពយន្តបែបវិទ្យាសាស្រ្ដ "In Time" ដែលសម្ដែងដោយ Justin Timberlake និង Amanda Seyfried បានដណ្ដើមយកចំណាត់ថ្នាក់លេខបី ជាមួយនឹងទឹកប្រាក់ ១២លានដុល្លារ។ ទោះបីជាមិនអាចរកប្រាក់ចំណូលបានច្រើនយ៉ាងណាក្ដី ក៏ 20th Century Fox បានបញ្ជាក់ថា ចំណូលនេះគឺស៊ីគ្នានឹងការរពឹងទុក។ រឿងនេះចំណាយលុយផលិតអស់ចំនួន ៤០លានដុល្លារ។








