ចាំមើលពេលរឿងនេះមកដល់ស្រុកខ្មែរ មិនដឹងជាមានអ្នកទស្សនាច្រើនប៉ុណ្ណាទេ ខណៈដែលនៅស្រុកគេដែលកំពុងតែបញ្ចាំងនោះបានទទួលជោគជ័យយ៉ាងខ្លាំង។ ខ្សែភាពយន្តរបស់ Paramount មួយនេះ កំពុងតែដើរលើផ្លូវឆ្ពោះទៅកាន់ការបំបែកកំណត់ត្រាហើយនាពេលនេះ ដោយគ្រាន់តែថ្ងៃសុក្រតែមួយថ្ងៃ រឿងថ្មីនេះ អាចរកប្រាក់ពីការលក់សំបុត្របានដល់ទៅជាង ៤០លានដុល្លារទៅហើយនោះ (រឿងខ្មោច ត្រូវចំពេលបុណ្យ Halloween ជិតមកដល់)។
ប្រាក់ចំណូលសរុបប្រចាំសប្ដាហ៍ទីមួយរបស់រឿងខ្មោចលងគួរឲ្យរន្ធត់នេះ ត្រូវបានគេរពឹងថានឹងបានមិនក្រោម ៥០លានដុល្លារនោះទេ ដែលវ៉ាដាច់រឿងផ្សេងៗទៀត។ ការរកបានដ៏ច្រើនបែបនេះ បានធ្វើឲ្យរឿងខ្លាំងទាំងពីរកាលពីសប្ដាហ៍មុន គឺរឿង Real Steel និង Footloose ចាញ់ដាច់ហៅលែងលឺ បើទោះបីជាបូកប្រាក់ចំណូលចូលគ្នាទាំងពីរ ក៏មិនស្មើនឹង Paranormal Activity 3 នោះដែរ។
Footloose និង Real Steel នៅតែមិនទាន់ដាច់ពីគ្នា ដោយ Footloose ឈរនៅលេខពីរជាមួយនឹងប្រាក់ចំណូល ១១,១លានដុល្លារ ស្របពេលដែល Real Steel រកបាន ១១លានដុល្លារ ឈរនៅលេខបី។
ខ្សែភាពយន្តថ្មីមួយទៀតប្រចាំសប្ដាហ៍នេះ គឺរឿង The Three Musketeers ប៉ុន្ដែចាប់ផ្ដើមមិនបានល្អដូច Paranormal Activity 3 នោះទេ ដោយស្ថិតនៅចំណាត់ថ្នាក់លេខបួន ជាមួយនឹងប្រាក់លក់សំបុត្របាន ៨,៧លានដុល្លារ។
មិនត្រឹមតែ The Three Musketeers នោះទេ ដែលចាប់ផ្ដើមសប្ដាហ៍ដំបូងរបស់ខ្លួនមិនសូវល្អ រឿង Johnny English Reborn ក៏កាន់តែយ៉ាប់ថែមទៀត ដោយអាចរកបានតែ ៣,៧លានដុល្លារ ស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងរឿងកំពូលទាំង១០ប្រចាំសប្ដាហ៍នេះ។
ចំណែកឯ ចំណាត់ថ្នាក់លេខផ្សេងក្រៅពីនេះ ពោលគឺលេខ៥, ៦, ៧ គឺសុទ្ធសឹងតែរឿងដែលធ្លាប់បង្ហាញខ្លួនរួចមកហើយនៅ Box office ដែលរួមមាន The Ides of Marhc , Dolphin Tale និង Moneyball ខណៈដែល The Thing (2011) ឈរនៅលេខ៩ និងរឿង 50/50 ឈរនៅបាតតារាងគឺចំណាត់ថ្នាក់លេខ១០ ជាមួយនឹងចំណូលប្រចាំសប្ដាហ៍ ២,៨លានដុល្លារ។









