ខ្សែភាពយន្តបែបមនុស្សយន្ត Real Steel នៅតែធ្វើបានល្អដដែលនៅសប្ដាហ៍នេះ ដោយបានបំបាក់ខ្សែភាពយន្តថ្មីដ៏ខ្លាំងគឺរឿង Footloose ដែលនេះជាសប្ដាហ៍ទីពីរជាប់គ្នារបស់រឿងនេះផងដែរ ដែលអាចឈរនៅកំពូលគេនៅ Box Office។
ក្រុមហ៊ុន Walt Disney របស់រឿង Real Steel បានបញ្ជាក់ប្រាប់កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះថា រឿងនេះរកប្រាក់ចំណូលពីការលក់សំបុត្របាន ៣៩,៦លានដុល្លារនៅទូទាំងពិភពលោក ខណៈដែល ១៦,៣លានដុល្លារបានពីការលក់សំបុត្រនៅអាមេរិក និងកាណាដា។
Footloose ដែលរឿងដែលនិយាយពីក្មេងជំទង់ដែលរស់នៅទីជនបទតូចមួយដែលត្រូវបានគេហាមមិនឲ្យរាំនោះ បានរកបានប្រហែលនឹងរឿង Reel Steel ដែរ ពោលគឺចំនួន ១៦,១លានដុល្លារនៅអាមេរិក និងកាណាដា។
លោក Dave Hollis ដែលជាអគ្គនាយករងនៃ Disney បាននិយាយថា ការដែលខ្សែភាពយន្ត Reel Steel នៅតែបន្តឈរនៅកំពូលគេ គឺដោយសារតែរឿងនេះជារឿងបែបលក្ខណៈគ្រួសារ (ខ្សែភាពយន្តនេះនិយាយអំពីឪពុក និងកូនរួមគ្នាធ្វើមនុស្សយន្តដើម្បីប្រកួតដណ្ដើមពានរង្វាន់ប្រដាល់)។
គិតមកទល់ពេលនេះ រឿង Real Steel អាចរកបានដល់ទៅ ៥១,៧លានដុល្លារហើយ នៅរោងភាពយន្តរបស់អាមេរិកខាងជើង បូករួមទាំង ៥៦,៦លានដុល្លារទៀតពីរោងភាពយន្តនៅក្រៅអាមេរិក ដែលសរុបទៅគឺ ១០៨,៣លានដុល្លារ។
ចំណែកឯរឿង Footloose ដែលស្ទើតែអាចឈរនៅលេខមួយនោះ ក៏អាចធ្វើបានល្អដូចការរំពឹងទុកនោះដែរ បើទោះបីមិនបានឈរនៅកំពូលគេក៏ដោយ។









