អូស្កា (Oscars) គឺជាកម្មវិធីពានរង្វាន់ដ៏ធំ និងល្បីល្បាញបំផុត សម្រាប់សហរដ្ឋអាមេរិក ប៉ុន្ដែការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា កម្មវិធីនេះ មិនមែនជាកម្មវិធីស្មើភាពនោះទេ ដោយសារមានការចូលរួមបោះឆ្នោតពីសំណាក់មនុស្សមួយក្រុមលើសលប់ជាងគេ។
សារព័ត៌មានដដែលខាងលើនេះ បានចេញលទ្ធផលនៃការសិក្សានេះ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ពោលគឺមុនមួយសប្ដាហ៍នៃកម្មវិធី ពានរង្វាន់ អូស្កាមកដល់។ ការរកឃើញនេះ គឺចេញពីការធ្វើបទសម្ភាសន៍ជាមួយនឹងសមាជិកអ្នកបោះឆ្នោត ជាមួយនឹងអ្នកដំណាង។ ការសម្ភាសន៍នេះ មិនបានធ្វើឡើងចំពោះគ្រប់អ្នកបោះឆ្នោតនោះទេ ប៉ុន្ដែធ្វើឡើងបានមួយភាគធំ ពោលគឺ ៥១០០នាក់ ស្មើនឹង ៨៩ភាគរយនៃសមាជិកអ្នកបោះឆ្នោតទាំងអស់។
ការរកឃើញនាពេលនេះ ក៏ដូចគ្នាទៅនឹងចំនួនបុគ្គលិកនៃពានរង្វាន់នេះផងដែរ គឺពោរពេញទៅដោយបុរស ជនជាតិស្បែកស។ ប៉ុន្ដែលោក Tom Sherak ដែលជាប្រធានអូស្កា បានឆ្លើយថា ក្រុមរបស់លោក កំពុងព្យាយាមធ្វើឲ្យមានភាពខុសប្លែកគ្នានៃតួនាទីរបស់សមាជិករបស់ខ្លួន។








