កម្មវិធីពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំ Grammy Awards ឆ្នាំនេះ (លើកទី ៥៤) មានរឿងគួរឲ្យកត់សម្គាល់ពីរ គឺទីមួយការកាន់ទុក្ខលើមរណៈភាពនៃ Whitney Houston និងទីរពីរគឺភាពលេចធ្លោនៃនាង Adele។
តារាចម្រៀងរបស់អង់គ្លេស Adele បានឈ្នះនូវពានរង្វាន់ចំនួនបីមុនគេ ក្នុង Grammy Awards កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ដែលរួមមានពានរង្វាន់ Best pop solo performance ក្នុងបទចម្រៀង "Somebody Like You"។
ដូចដែលប្រិយមិត្តបានដឹងតាមរយៈទំព័រសិល្បៈកំសាន្តរបស់ខ្មែរសារិការួចមកហើយថា Adele ដែលអាល់ប៊ុម "21" របស់នាង បាននាំមុខគេប្រចាំឆ្នាំ២០១១នោះ បានកើនប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ អាល់ប៊ុម "21" របស់នាង បានលក់ដាច់អស់ដល់ទៅ ៦,៣លានបន្ទះក្នុងសហរដ្ឋអាមេរិក ហើយបំបែកកំណត់ត្រាបានជាច្រើន ដូចជាការឈរនៅចំណាត់ថ្នាក់លេខមួយលើតារាងចំណាត់ថ្នាក់បទចម្រៀងដល់ទៅ ១៩សប្ដាហ៍ជាប់គ្នាជាដើម។នៅក្នុងកម្មវិធីកាលពីម្សិលម៉ិញនេះ នាងបានឡើងឆាក ហើយថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតរបស់នាង ដែលបានធ្វើឲ្យនាងមានសម្លេងពិរោះឡើងវិញ ក្រោយពីវះកាត់។ នាងបានធ្វើឲ្យក្រុមអ្នកគាំទ្រស្លុងអារម្មមណ៍គ្រប់ៗគ្នា ដោយបានច្រៀងនូវចម្រៀងពេញនិយមបីបទរបស់នាង គឺបទ Rolling in the Deep, បទ Somebody Like You និងបទ Set Fire to the Rain។
ក្រៅពី Adele ដែលឈ្នះពានរង្វាន់បី តារាចម្រៀងរ៉ុក Foo Fighters ក៏បានឈ្នះពានរង្វាន់បួន ក្នុងផ្នែកតន្រ្ដីរ៉ុកផងដែរ។
ដូចបានបញ្ជាក់ខាងលើរួចមកហើយថា កម្មវិធី Grammy ឆ្នាំនេះ គឺប្លែកជាងរាល់ឆ្នាំ ដោយសារតែមានទុក្ខក្រៀមក្រំបានកើតឡើង ពោលគឺការស្លាប់របស់ Houston។ ពិធីករ Cool J បានឡើងលើឆាក ហើយបានឧទ្ទិសចំពោះ Houston ដោយនិយាយថា "ទោះបីជានាងបានទៅលឿនបែបនេះក៏ដោយ ប៉ុន្ដែចម្រៀងរបស់នាងនៅតែស្ថិតក្នុងដួងចិត្តមនុស្សគ្រប់គ្នា"។ បន្ទាប់ពីនោះមក ក៏មានការចាប់វីដេអូបទចម្រៀង "I Will Always Love You" ដ៏ល្បីរបស់នាងផងដែរ។

ប្រភព៖ Reuters








