ពានរង្វាន់ Grammy នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានទាក់ទាញក្រុមអ្នកទស្សនាក្មេងៗជាច្រើន ទោះបីជាអ្នកឈ្នះក្នុងកម្មវិធីនេះខ្លះគឺជាតារាចាស់ៗក៏ដោយ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ ប៉ុន្ដែនៅក្នុងកម្មវិធីឆ្នាំនេះ អ្នកដែលនឹងធ្វើឲ្យកក្រើកជាងគេ គឺប្រាកដជា Adele ដែលកំពុងពេញនិយមនៅគ្រប់ស្រទាប់អ្នកទស្សនា ពោលគឺទាំងចាស់ ទាំងក្មេង។
មានមនុស្សមិនតិចនោះទេ ដែលទន្ទឹងរង់ចាំការវិលត្រលប់របស់ Adele ទាំងមនុស្សចាស់ និងក្រុមយុវវ័យក្មេងៗ។ លោក Nic Harcourt ដែលជាអតីតពិធីកររបស់វិទ្យុរបស់អាមេរិកមួយ បាននិយាយថា កូនស្រីអាយុ៨ឆ្នាំរបស់គាត់ក៏ច្រៀងបទ Adele រីឯលោកយាយអាយុ ៧៥ឆ្នាំរបស់គាត់ ក៏ច្រៀងបទរបស់ Adele ផងដែរ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុម 21 របស់នាង Adele បានលក់បានច្រើនជាងគេបំផុតក្នុងមួយឆ្នាំ។ គ្រាន់តែនៅអាមេរិកមួយប៉ុណ្ណោះ អាល់ប៊ុមនេះអាចលក់បានដល់ទៅ ៦,៣លានបន្ទះឯណោះ។
កាលពីឆ្នាំកន្លងទៅ ពានរង្វាន់ធំៗរបស់ Grammy តែងតែធ្លាក់ទៅលើដៃតារាចាស់ៗ ដូចជាពានរង្វាន់អាល់ប៊ុមល្អបំផុតប្រចាំឆ្នាំជាដើម ដែលធ្វើឲ្យក្រុមអ្នកគាំទ្រក្មេងៗខ្លះមិនសប្បាយចិត្តនោះទេ។
នៅឆ្នាំនេះ ប្រហែលជាមិនធ្វើឲ្យភ្ញាក់ផ្អើលទៀតនោះទេ ខណៈដែលអាល់ប៊ុមដែលត្រូវប្រជែងគ្នាមាន អាល់ប៊ុម 21 របស់ Adele, Born This Way របស់ Lady Gaga, Loud របស់ Rihanna និង Doo-wops & Hooligans របស់ Bruno Mars ជាដើម។
ចង់ដឹងថាតារាណាលេចធ្លោក្នុងកម្មវិធី Grammy Awards សូមកុំភ្លេចតាមដានខ្មែរសារិកា ក្រោយពីកម្មវិធីនេះបញ្ចប់នៅយប់ថ្ងៃអាទិត្យ។








